(ក្មេងស្រីដែលចង់ស្លាប់)
ពេលដែលនួងបើកភ្នែកឡើង ពន្លឺសក្បុសចាំងចូលមកកែវភ្នែករបស់គេ វាជាភ្លើងអំពូលដែលដាក់ជាប់ពិដានដើម្បីបំភ្លឺក្នុងបន្ទប់។ រូបភាពស្រពិចស្រពិលចាប់ផ្តើមរសាត់បាត់បន្តិចម្តងៗ។ នារីរេរភ្នែកសម្លឹងមើលជុំវិញខ្លួនទាំងឆ្ងល់ថា " ទីនេះជាកន្លែងណា?" ហើយព្យាយាមកម្រើកដៃ ទើបដឹងថាដៃរបស់នាងនៅជាប់សារ៉ូម។ ហត្ថាដែលទំនេររបស់នាងព្យាយាមលើកមកដើម្បីដកបំពង់អ៊ុកស៊ីសែនចេញពីមុខរបស់នាង។ នួងព្យាយាមដកដង្ហើមដោយខ្លួនឯង ខ្លួនរបស់នាងស្ពឹកស្រពន់អស់ទៅហើយ «ម៉ាក់!ប៉ា!» ពាក្យដែលនាងនិយាយមុនគេពេលដែលនាងដឹងខ្លួន គឺមនុស្សពីរនាក់ដែលបានបោះបង់នាងចោល។ ភាពតូចចិត្តក៏ចូលមកដល់ភ្លាម ធ្វើឲ្យនាងតូចរបស់យើងយំត្រសិតយ៉ាងតូចចិត្តពីវាសនារបស់ខ្លួន ហើយនិយាយទាំងទឹកភ្នែកកំពុងហូរ៖ " ហេតុអីក៏មិនយកខ្ញុំទៅផង? ហេតុអីទុកខ្ញុំឲ្យនៅរស់ទៀតធ្វើអី?"។ " អេ៎!! ខ្ញុំខំវះកាត់ព្យាបាលឲ្យនាងហត់សឹងអី! ឲ្យពួកគាត់យកនាងទៅស្រួលៗបែបនេះម៉េចនឹងបាន?" លោកវេជ្ជបណ្ឌិតរូបសង្ហារ ជេកសិន និយាយទៅនួង។ គេបានអង្គុយរង់ចាំមើលនាងនៅទីនេះមិនដឹងជាយូរប៉ុណ្ណាហើយនោះទេ តែនួងមិនបានដឹងព្រោះមិនបានសម្លឹងមើលខាងស្តាំដៃក្បែរគ្រែរបស់នាង។ នារីសម្លឹងមើលទៅបុរសដែលនៅក្នុងឈុតគ្រូពេទ្យពណ៌សដូចទេវតា បុរសម្នាក់នេះហើយដែលបានជួយជីវិតគេពីការស្លាប់ ជាបុរសដែលនាងគួរតែអរគុណក្រៃលែង។
នួង៖ " គ្រូពេទ្យ!"
ជេកសិន៖ " ហឹស? ចង់អរគុណខ្ញុំមែនទេ? មិនអីទេៗ! មិនបាច់គុណស្រ័យអីទេ!"
នួង៖ " លោកបំផ្លាញជីវិតខ្ញុំអស់ហើយ!!" នាងតូចយំកាន់តែខ្លាំងឡើង ហើយនិយាយទាំងសសិត " ខ្ញុំខំរត់ទៅរងគ្រាប់កាំភ្លើង មិនមែនដើម្បីតែបទពិសោធន៍ថ្មីម្យ៉ាងទេ! តែខ្ញុំចង់ស្លាប់! ខ្ញុំចង់ស្លាប់! ហេតុអីក៏លោកជួយខ្ញុំ? ហេតុអី? លោកធ្វើឲ្យខូចផែនការខ្ញុំអស់ហើយ! អ្ហា៎..."
ពេលដែលឃើញអ្នកជម្ងឺចង់ស្លាប់បែបនេះ គ្រូពេទ្យជំនាញដូច ជេកសិន កប់យោបលរកពាក្យអ្វីមកថ្លែងពុំបាន។ គេខំជួយមនុស្សមួយគគោក មានតែអ្នកអរគុណ ដឹងគុណគេគ្រប់គ្នា មិនមាននរណាមកបន្ទោសគេបែបនេះនោះទេ។ ចុះហេតុអីពេលនេះ គេក្លាយជាមនុស្សចង្រៃបំផ្លាញផែនការស្លាប់របស់គេបែបនេះ? ឬក៏ពីមុនការសង្គ្រោះជីវិតមនុស្សរបស់គេ ក៏ជាផ្នែកមួយនៃការបំផ្លាញផែនការរបស់អ្នកដទៃដែរ? ផែនការរបស់យមរាជ្យដែរមែនទេ? ហេតុអីចិត្តមនុស្សពិបាកស្មានយ៉ាងនេះ? វេជ្ជបណ្ឌិត ជេកសិន សម្លឹងទៅនួងដែលកំពុងតែយំសសិត ហើយនិយាយ៖ " មិនអីទេ! បើនាងចង់ស្លាប់ ចាំខ្ញុំជួយនាងក៏បានដែរ!"។ បុរសក៏រៀបរាប់បន្ត៖ " តើនាងចង់ស្លាប់របៀបណា? ស្លាប់របៀបមនុស្សធម្មតា ស្លាប់របៀបហេរ៉ូ ស្លាប់របៀបសប្បុរសធម៌ ឬរបៀបណាដែលនាងគិតឃើញ?"។
"លោកគ្រូ!!" ពិសាលដើរចូលមក ស្របពេលដែលឮគ្រូរបស់គេរៀបរាប់ពីរបៀបនៃការស្លាប់ដល់នួង។ វេជ្ជបណ្ឌិតជេកសិន ស្រដីទៅពិសាលទាំងមិនសុខចិត្ត៖ " ពិសាល! ឯងមើលចុះ អ្នកជម្ងឺរបស់ឯងគេមិនចង់រស់នោះទេ! ហើយលោកគ្រូទៅជាអ្នកខុសដែលជួយជីវិតគេទៅវិញ"។ នរៈសម្លឹងមើលទៅនួង ហើយត្រលប់មកនិយាយជាមួយគ្រូរបស់គេវិញ៖ " មិនអីទេ! ចាំខ្ញុំនិយាយជាមួយគេ។ លោកគ្រូត្រជាក់ចិត្តសិនទៅណា"។ ថាហើយនរៈក៏ដើរមកជិតនួង ឯចំណែកលោកគ្រូជេកសិនវិញឱបដៃខឹងចិត្តដូចជាកូនក្មេង បើទោះបីជាគេអាយុច្រើនហើយក៏ដោយ។
ពិសាល៖" នួង! ពេលនេះនាងលែងអីហើយ! ហើយចំណែកបញ្ហាផ្សេងៗក៏បានដោះស្រាយហើយដូចគ្នា!"
បញ្ហាផ្សេងៗដោះស្រាយហើយ? បញ្ហាផ្សេងៗដោះស្រាយហើយ? នួងឮបែបនេះក៏បែរមកនិយាយជាមួយបុរសវិញភ្លាមទាំងឧទាន «បញ្ហាផ្សេង?»។ ពិសាលញញឹមហើយស្រដីបន្ត៖ " នាងមកដល់ចំនុចនេះដោយសារនរណាគេ?" បុរសសម្លឹងទៅនារីដោយកែវភ្នែកស្រទន់ " ពេលនេះ ក្មេងស្រីតូចនោះទទួលបានជំនួយសប្បុរសធម៌ អាចធ្វើការវះកាត់បានហើយ"។ នួងក្រោយពីបានឮបែបនោះ សប្បាយចិត្តជាខ្លាំង ទើបនាងសួរបញ្ជាក់ទៅបុរសវិញទាំងរំភើប៖ " តើនរណាទៅ? តើនរណាជាអ្នកជួបឧបត្ថម្ភដល់នាងទៅ?"។ ពិសាលសម្លឹងមើលទៅវេជ្ជបណ្ឌិតជេកសិនដែលនៅក្បែរនោះ ដែលគាត់កំពុងតែធ្វើព្រងើយងរង៉ក់ដូចជាកូនក្មេងព្រោះខឹងចិត្តនឹងនួង។ កាលដែលដឹងថាពិសាលសម្លឹងទៅគាត់បែបនេះ ក៏រអៀសខ្លួនហើយស្រដី៖ " យ៉ាងម៉េច? គិតថាមនុស្សគ្រប់គ្នាសុទ្ធតែចង់ស្លាប់ដូចនាងតូចម្នាក់នេះមែនទេ?" ជេកសិន បែរទៅនិយាយជាមួយនួងវិញ " ក្មេងតូចនោះគេចង់មានជីវិតរស់ទើបខ្ញុំជួយដល់គេ ហើយរយៈពេលប៉ុន្មានខែទៀតទើបអាចវះកាត់ឲ្យនាងបាន"។ ពេលបានឮបែបនោះហើយ នួងរឹងរឹតតែសប្បាយចិត្តថែមទៀតស្ទើតែបាត់បង់គំនិតចង់ស្លាប់អស់ទៅហើយ។ វេជ្ជបណ្ឌិតរូបសង្ហារសួរនាំទៅនួង ព្រោះដឹងថា ពេលនេះនាងលែងជាសមាជិកនៅមណ្ឌលកុមារកំព្រានោះទៀតហើយ៖ " ចុះនាងតូចវិញ? នឹងគិតទៅរស់នៅឯណា?"។ នួងភ្នែកឡេងឡង់ ព្រោះនាងផ្ទាល់ក៏មិនដឹងថា បន្ទាប់ពីសម្រាកព្យាបាលនៅកន្លែងនេះទៅ តើជីវិតនាងនឹងត្រូវទៅរសាត់អណ្តែតដល់ណាដែរ។ " ខ្ញុំមិនដឹងទេ!" នួងក៏បែរទៅញញឹមបន្លប់តបទៅគ្រូពេទ្យ " ទៅធ្វើជាអ្នកសុំទានទេដឹង? ហិហិ"។ ពាក្យសម្តីរបស់នាងតូចធ្វើឲ្យពីរនាក់គ្រូនិងសិស្សនេះមើលមុខគ្នាទាំងហួសចិត្ត។ ពួកគេកំពុងជួយក្មេងអានាថាម្នាក់មែនទេ?
(កុំដើរចេញពេលយប់)
នៅវេលាយប់ឡើង នួងគេងតែម្នាក់ឯងនៅក្នុងបន្ទប់VIPដ៏ធំនេះ មានទាំងបន្ទប់ទឹកពីខាងក្នុងស្រាប់ ចំណែកឯទេសភាពដែលមើលឃើញពីបង្អួចកញ្ចក់នាពេលយប់វិញ អាចមើលឃើញទេសភាពទីក្រុងនាងពេលរាត្រីយ៉ាងស្រស់ស្អាត ហើយថែមទាំងមានម៉ាស៊ីនត្រជាក់ដែលអាចបញ្ជាសីតុណ្ណភាពឡើងចុះតាមតែចិត្តគេបានទៀតផង។ ប៉ុន្តែកន្លែងស្អាតបែបនេះនៅតែម្នាក់ឯង វាពិតជាល្ហល្ហេវមែនទែន។ បើគិតថា តើជីវិតនាងបន្ទាប់ពីនេះទៅយ៉ាងណា? គឺនាងគ្មានអ្វីក្រៅពីយំនោះទេ។ នៅវេលាម៉ោងប្រហែលពាក់កណ្តាលអាធ្រាតុ មានសម្លេងអ៊ូរអរនៅខាងក្រៅបន្ទប់ធ្វើឲ្យនួងភ្ញាក់ពីដេក។ កាលបើទោះជារបួសនាងនៅឈឺបន្តិចមែន ប៉ុន្តែមនុស្សនិយាយគ្នាឮៗនៅខាងក្រៅធ្វើឲ្យនួងឆ្ងល់ ហើយក៏សម្រេចចិត្តចេញទៅមើលទាំងអូសសារ៉ូមទៅជាមួយផង។ ពេលទៅដល់មុខទ្វារ នារីទាក់ទើរមិនចង់ហ៊ានចេញទេ។ នាងក៏ផ្ទៀងត្រចៀកស្តាប់នៅជាប់នឹងទ្វារវិញ តែក៏ជ្រុលដៃកាច់គន្លឹះទ្វារច្រានចេញទៅក្រៅ ធ្វើឲ្យប្រាណនារីទោរទៅមុខបោកផ្ទប់នឹងសសរទ្រូងដ៏មាំមួយនៅទីនោះ។ ពន្លឺភ្លើងដែលបើកពេលយំប្រឹមៗលំអរតែផ្លូវឲ្យមើលឃើញ ធ្វើឲ្យនួងមើលឃើញថា គេស្លៀកពាក់សម្លៀកបំពាក់ពណ៌ស គេគឺជាគ្រូពេទ្យ។ នួងបែរសម្លឹងមើលទៅខាងលើ ដោយសារតែចាំងពន្លឺពីអំពូលលើពិដាន ធ្វើឲ្យនាងឃើញមុខបុរសមិនសូវច្បាស់ទេ។ «នរណាឲ្យនាងចេញមកក្រៅនៅពេលយប់បែបនេះ?» បុរសនិយាយ។ ពេលនេះខ្លួនប្រាណរបស់នួង ត្រូវបានទប់ជំហរទាំងស្រុងដោយបុរស។ ហត្ថាស្តាំរបស់នាង ដាក់លើដើមទ្រូងដ៏មាំទាំរបស់គេ ឯហត្ថាខាងឆ្វេងជាប់សារ៉ូម ដែលពេលនេះបុរសកំពុងកាន់ដងទម្រសារ៉ូមឲ្យនាង។ បុរសលើកនាងចេញថ្នមៗ ព្រោះខ្លាចថានឹងត្រូវចំរបួសរបស់នារី។ ពេលនេះ នួងបានឃើញមុខរបស់គេហើយ នោះគឺពិសាល។ កំពុងតែមានមនោសញ្ចេតនាជ្រាបពេញខ្លួនផង ស្រាប់តែមានសម្លេងគ្រហែម «អ៊ឹ អ៊ឹម» វេជ្ជបណ្ឌិត វ័ង ជេកសិន ឈរនៅក្បែរនោះមើលទៅពួកគេ ដោយសារទ្រាំមិនបាននឹងភាពដ្រាម៉ា ហើយថែមទាំងអាឡាស៊ីនិងរឿងស្នេហាផង ទើបត្រូវនិយាយបន្តិច៖ «អ្នកជម្ងឺត្រូវការសង្គ្រោះបន្ទាន់!»។ ពិសាលក៏ត្រូវទៅបំពេញតួនាទីរបស់គេ។ ឯវេជ្ជបណ្ឌិតជេកសិន មុននឹងដើរទៅក៏ឆ្លៀតសួរទៅនួងថា៖ " ពេលនេះលែងចង់ស្លាប់ហើយមែនទេ?" ថាហើយគេក៏ដើរចេញទៅទាំងសប្បាយចិត្ត។
﹏♥ « « « ❀ » » » ✿ « « « §❀§ » » » ✿ « « « ❀ » » » ♥﹏