គ្រូបង្រៀនដែលប៉ាទុកចិត្ត(ពិសាលជាជម្រើស)
ជេកសិន គេនៅតែមើលក្រដាសបេក្ខជនឈរឈ្មោះជាគ្រូបង្រៀនសម្រាប់កូនស្រីគេដដែល។ ដោយធុញពិបាកនិងសម្រេចចិត្តពេក បុរសក៏សម្រាកបន្តិច ខ្លួនផ្អែកទៅលើកៅអីធ្នាក់ដៃ សម្លឹងមើលទៅខាងក្រៅតាមជញ្ជាំងកញ្ចក់នៃបន្ទប់។ មនុស្សដើរទៅវិញទៅមក មានទាំងគ្រូពេទ្យ និងអ្នកជម្ងឺ និងមនុស្សទូទៅ។ នរៈដាក់ភ្នែកសម្លឹងមើលមួយត្របក់ ក៏សង្កេតឃើញពិសាលកំពុងឈរនិយាយជាមួយនិងគ្រូពេទ្យដទៃទៀត។ ជេកសិន បង្វិលកៅអីទៅវិញទៅមក ក្នុងចិត្តកំពុងគិតអ្វីម្យ៉ាងដែលមិនទាន់ច្បាស់។
ពិតមែនហើយ! គឺពិសាល! កូនសិស្សដែលគេបង្រៀនដោយផ្ទាល់។ តើមានខុសអីដែលឲ្យកូនសិស្សរបស់គេទៅបង្រៀនកូនស្រីរបស់គេបន្តទៀតនោះ។ នៅពេលល្ងាចឡើង ជេកសិន ក៏បានទៅនិយាយបញ្ចុះបញ្ចូល ពិសាល ដើម្បីស្នើរឲ្យគេទៅបង្រៀននួង។
នរៈអង្គុយនៅកៅអីទល់មុខគ្រូ។ ជេកសិន ក៏ចាប់ផ្តើមនិយាយ៖
" ពិសាល! មានអីមិនល្អ ឯងជួយទៅបង្រៀន នួង បន្តិចទៅណា៎ ព្រោះមានតែឯងទេដែលគ្រូទុកចិត្ត។ ចំណែកឯងគ្រូដទៃនោះ គ្រូពិបាកទុកចិត្តណាស់!"
ចំណែកពិសាលដែលទើបតែរៀនពេទ្យបាន5-6ឆ្នាំ គេត្រូវការរៀនបន្តដូចគ្នា ដូច្នេះសំណើរនេះសម្រាប់គេ គឺមិនសូវជាល្អប៉ុន្មានទេ។ ម្យ៉ាង គេជាកូនឧកញ្ញ៉ាស្រាប់ មានលុយចាយមិនខ្វះទៅហើយ តើឲ្យទៅបង្រៀនធ្វើអីទៀត។ ពិសាល ព្យាយាមប្រកែកដោយសុភាពរាបសារ។ ប៉ុន្តែមិនថាយ៉ាងណា វេជ្ជបណ្ឌិត ជេកសិន ម្នាក់នេះមុខក្រាស់ណាស់ គេនៅតែទទូចសុំឲ្យ ពិសាល ទៅបង្រៀនម្តងហើយម្តងទៀត។ ដោយភាពយោគយល់ ហើយយ៉ាងណាក៏ជាគ្រូនិងសិស្សនិងគ្នាទៅហើយ ពិសាល ក៏បានយល់ព្រមនិងសំណើរនេះ។
(ក្នុងឡានជាមួយលោកគ្រូ)
ពេលល្ងាចមកដល់ ពិសាល ក៏បានឡើងឡានទៅជាមួយនិងវេជ្ជបណ្ឌិត ជេកសិន ពិសាល ជិះនៅកៅអីខាងមុខដែលមានជេកសិនជាអ្នកបើកឡាន។ ថ្វីត្បិតថា ជេកសិន មានអាយុ45ឆ្នាំជាងហើយក៏ដោយ តែមុខមាត់របស់គេនៅក្មេងជាងអាយុរបស់គេពាក់កណ្តាល។ ចិញ្ចើម បបូរមាត់ ភ្នែក ច្រមុះ អ្វីគ្រប់យ៉ាងដែលគេមាន គឺមានអាយុកាលក្មេងជាងវ័យរបស់គេទាំងអស់។ កោតតែគេ មានមោទនភាពដែលក្លាយទៅជាប៉ារបស់នួង! ព្រោះគេមើលទៅ បើមិនដឹងអាយុរបស់គេ គ្រប់គ្នានិងគិតថា គេមិនមែនចិញ្ចឹមនួងទុកជាកូននោះទេ។ តែការមើលឃើញរបស់អ្នកដទៃសម្រាប់ជេកសិន វាមិនសំខាន់ឡើយ។ អ្វីដែលសំខាន់គឺខ្លួនរបស់គេផ្ទាល់ និងចិត្តគំនិតរបស់គេចំពោះកូនស្រីរបស់គេ។ ចំណែកឯងជេកសិនពេលនេះ គេសប្បាយចិត្តណាស់ ដែលបានបញ្ចុះបញ្ចូលពិសាលបានសម្រេច។ នៅតាមផ្លូវគេនិយាយជាច្រើនព្រោះក្តីរំភើបរបស់គេ។ " គ្រូដឹងថា នួងនឹងសប្បាយចិត្តមិនខានទេ! បើដឹងថាឯងជាអ្នកបង្រៀនគេ ព្រោះពួកឯងធ្លាប់ស្គាល់គ្នាស្រាប់" ជេកសិននិយាយប្រាប់ពិសាលជាច្រើនអំពីនួង ដោយមិនខ្វល់ថាគេចង់ស្តាប់ឬមិនចង់នោះទេ។ ចំណែកពិសាលវិញ នៅស្ងៀមស្តាប់គ្រូនិយាយ។ ប៉ុន្តែនៅក្នុងចិត្តរបស់គេបែរជាគិតថា «ហេតុអីបានជាលោកគ្រូចូលចិត្តនួងម្ល៉េះ? តើក្មេងស្រីម្នាក់នោះមានអីល្អទៅ បានជាលោកគ្រូនិយាយពីគេរហូតបែបនេះ?»។ ខណៈពេលដែលពិសាលស្ងៀមស្ងាត់ស្តាប់បង្គាប់បែបនេះ ជេកសិន ក៏និយាយអ៊ួតបន្តពីនួង៖ " ឯងដឹងទេ? នួងគេឆ្លាតណាស់! បង្រៀនអីក៏គេឆាប់យល់ដែរ ហើយគេចូលចិត្តសួរនាំច្រើន សួរៗទាល់តែគេបាត់ឆ្ងល់ ឬទាល់តែគ្រូឆ្លើយមិនចេញ ហើយទៅឆែក google យកមកប្រាប់គេវិញឯណោះ! គ្រូគិតថា គ្រូល្មមៗអីបង្រៀនគេមិនកើតទេ! ព្រោះគេដូចជាកូនអេលៀនអញ្ចឹង ហាសៗៗ។ ពេលនេះមានឯងទៅគឺល្អហើយ គេនឹងបានឈប់សួរគ្រូទៀត"។ ពិសាល សម្លឹងមើលទៅគ្រូរបស់ខ្លួននិយាយល្អពីនួងមិនដាច់ពីមាត់សោះ ទោះបីជាចិត្តធ្ងន់យ៉ាងណាក៏ពិបានទប់ចិត្តមិនឲ្យច្រណែនបានដែរ។ គេយកសំណួរមកសួរខ្លួនឯងថា តើលោកគ្រូធ្លាប់និយាយពីខ្ញុំល្អបែបនេះប្រាប់អ្នកផ្សេងឬអត់ហ្ន៎? ឬមានតែនួងទេ? នរៈ ថ្វីត្បិតតែខាងក្រៅខំញញឹមតបនិងគ្រូ ប៉ុន្តែចិត្តខាងក្នុងវិញ គេមិនសូវសប្បាយចិត្តប៉ុន្មានទេ។ ពេលទៅដល់ស្តុបភ្លើងពណ៌ក្រហម យានយន្តក៏ឈប់។ ជេកសិន ស្រាប់តែផ្អាកនិយាយ ខណៈពេលដែលពិសាលកំពុងសម្លឹងទៅក្រៅតាមកញ្ចក់បង្អួច។ ជេកសិន មើលទៅផ្លូវខាងមុខឃើញថាមានប៉ូលីសកំពុងឆែកយានយន្ត និង យានជំនិះ គេក៏ក្រឡេកមើលខ្លួនឯងនិងពិសាលថាធ្វើត្រូវបានច្បាប់ចរាចរណ៍ផ្លូវគោកឬនៅ? តែក៏ឃើញថា ពិសាល ជិះឡានមិនបានពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវនោះទេ។ ដូច្នេះ ជេកសិន ក៏ឈោងទៅពាក់ខ្សែក្រវ៉ាត់ឲ្យពិសាលដែលកំពុងតែមិនបានចាប់អារម្មណ៍ថាមានប៉ូលីសនៅខាងមុខ។ «ពិសាល!» ជេកសិន ឈោងខ្លួនទៅរកពិសាលស្របពេលដែលដៃកំពុងរាវរកគន្លឹះខ្សែក្រវ៉ាត់ឡាន។ ឯ ពិសាល ឮគេហៅឈ្មោះបែបនេះក៏ងាកមក តែអ្វីដែលគេឃើញ គឺខ្លួនបា្រណរបស់ជេកសិននៅជាប់ខ្លួនគេទៅហើយ! សូម្បីតែក្លិនទឹកអប់របស់គេ ក្លិនញើសរបស់គេ ក៏បង្ហើរក្លិនមកច្រមុះគេបង្កើយដែរ។ វាហាក់បីដូចជាជេកសិនកំពុងតែឱបពិសាលអញ្ចឹង។ ដំបូងគេក៏ភ្ញាក់ផ្អើលដែរ ដែលគ្រូគេមកស្និទ្ធិស្នាលនិងគេអីដល់ថ្នាក់មកឱបគេបែបនេះ តែដល់គិតបន្តិចទៅ ប្រហែលជាគាត់ចង់អរគុណខ្លួនដែលយល់ព្រមទៅបង្រៀនកូនស្រីចិញ្ចឹមរបស់គាត់ហើយ។ ដោយនឹកឃើញថាបែបនេះ នរៈក៏លើកដៃទៅឱបជេកសិនវិញ ទាំងស្នាមញញឹមពេញចិត្តនិងកាយវិការបែបនេះ។ ស្រាប់តែបានបន្តិច ជេកសិន ក៏ដាក់ខ្សែក្រវ៉ាត់ឲ្យពិសាលហើយល្មម នាយក៏ដកខ្លួនចេញមកវិញ " គ្រូដាក់ខ្សែក្រវ៉ាត់ឲ្យ នៅខាងមុខមានប៉ូលីស"។ ឯពិសាលវិញ ភាំងស្ងៀម ខ្មាសគេរកមុខទៅទុកឯណាមិនដឹង «ហ្ហិៗ...បាទ» នាយក៏ងាកមុខចេញធ្វើជាមើលទៅខាងក្រៅវិញ។ ឯជេកសិនក៏ចាប់អារម្មណ៍កាយវិការចម្លែករបស់ពិសាល រួចនាយក៏យល់ តែដើម្បីកុំឲ្យពិសាលខ្មាសគេ គេក៏ធ្វើដូចជាមិនដឹងអីដែរ។
(ប៉ាមកដល់ផ្ទះ)
ពេលដែលទៅដល់ផ្ទះ អ្នកដែលចេញមកទទួលមុនគេ គឺក្មេងស្រីអាយុ15ឆ្នាំម្នាក់នោះហើយ។ នួងរត់ទៅទទួលជេកសិន ស្រែកហៅ «ប៉ា!ប៉ា!» នាងរីករាយជាខ្លាំងហើយក៏រត់ទៅឱបបុរស ហើយជេកសិនក៏ចាប់លើកនាងគ្រវីឡើងឱបគ្នាយ៉ាងសប្បាយ។ ពេលដែលឃើញទំនាក់ទំនងប៉ានិងកូនគេបែបនេះ ធ្វើឲ្យពិសាលរាងឆួលច្រមុះបន្តិចហើយ។ គេចុះពីលើឡានមក ឈរមើលលោកគ្រូរបស់គេនិងនួងកំពុងប្រលែងគ្នាយ៉ាងស្និទ្ធិស្នាល។ «ទើបតែបាន1ខែសោះ ហេតុអ្វីទំនាក់ទំនងពួកគេស្និទ្ធិស្នាលនិងគ្នាខ្លាំងម៉្លេះ?» ពិសាល គិតក្នុងចិត្តតែម្នាក់ឯង។ ពិសាល កាន់តែមើលប៉ាកូនគេពីរនាក់នេះ កាន់តែមានអារម្មណ៍ថារសាប់រសល់ក្នុងខ្លួន ទាំងខ្លួនគេផ្ទាល់មិនដឹងថាមកពីហេតុអ្វីនោះទេ! ដឹងត្រឹមថា ដូចជាមិនសូវពេញចិត្តនិងតថភាពនេះសោះ។ មើលទៅពេលដែល ជេកសិន ឱបនួង ដូចជាមិនសមជាប៉ានិងកូនបន្តិចសោះ។ ពិសាល ក៏និយាយកាត់ដើម្បីទាញចំណាប់អារម្មណ៍វិញ «លោកគ្រូ! តើខ្ញុំត្រូវបង្រៀននៅឯណាវិញ?»។ ជេកសិន ឮហើយ ក៏នឹកឃើញថា ខ្លួនឯងភ្លេចឲ្យឈឹងថាមិនមែនមកតែម្នាក់ឯង។
" អូ! ប៉ារកគ្រូមកបង្រៀនកូនបានហើយណា៎ នេះនែ៎" ជេកសិន បង្ហាញពិសាលឲ្យនួងឃើញ។
(គ្រូបង្រៀនខ្ញុំ ជាបងប្រុសដាលីស)
ពេលដែលបានឃើញភ្លាម នារីស្ទើរតែភ្លឹកភ្លាំងទៅហើយ! មិននឹកស្មានថា ពួកគេបានជួបគ្នាម្តងទៀតសោះ។ នារីឧទាន «បងប្រុស!» ។ ហើយគេបែរទៅនិយាយនិងជេកសិនវិញ " ប៉ាឲ្យគាត់មកបង្រៀនខ្ញុំមែនទេ?"។ ជេកសិន យកដៃទៅអង្អែលក្បាលនួង ហើយតបទាំងវាចារទន់ភ្លន់ ៖ " ហើយមាននរណាទៀត? ពិសាល គឺជាកូនសិស្សផ្ទាល់របស់ប៉ាណា៎!"។ នួងបែរសម្លឹងទៅ ពិសាល ទាំងរអៀសខ្លួន។ ម៉េចក៏នៅសុខៗ ពិសាល កូនប្រុសលោកឧកញ្ញ៉ា បែរក្លាយទៅជាគ្រូក្រៅម៉ោងបង្រៀនគេទៅវិញ? ដូចជា ចៃដន្យពេកហើយ។
នៅក្នុងម៉ោងរៀនដែលបានរៀបចំឡើងនៅក្នុងបន្ទប់របស់នួង មានក្តាខៀនពណ៌សមួយបញ្ឈរខ្ពស់ពីឥដ្ឋនោះ ពិសាល ដែលក្នុងនាមជាគ្រូបង្រៀនក៏ចាប់ផ្តើមសរសេរព្យញ្ជនៈឡើង។ នាងតូចប្រែទឹកមុខយ៉ាងចម្លែក ព្រោះមិនដឹងថាខ្លួនឯងពេលនេះកំពុងតែរៀនអ្វីនោះទេ។ នារីក៏សួរ៖ " បងប្រុស!" តែក៏នឹកឃើញពាក្យដែលជេកសិនប្រាប់នាងឲ្យហៅ ពិសាល ថា «លោកគ្រូ» មិនមែនបងប្រុសទេ ទើបនារីហៅសាជាថ្មី " លោកគ្រូ! តើពេលនេះ ខ្ញុំកំពុងតែរៀនអ្វីហ្នឹង?"។ បុរសបែរមកនាងតូចវិញ ហើយនិយាយ៖ " នួងនឹងត្រូវបានបង្រៀនភាសាអង់គ្លេស ព្រោះខ្ញុំចេះតែភាសាអង់គ្លេសទេ!"។ នាងតូចបែរមកវិញភ្លាម ហើយសួរបន្ត៖ " ហេតុអីទៅ? ហេតុអីមិនមែនជាភាសាខ្មែរ?"។ បុរសតប៖ " ព្រោះលោកគ្រូឲ្យខ្ញុំបង្រៀននួងជាភាសាអង់គ្លេស។ ម្យ៉ាង នួង ក៏ចេះភាសាខ្មែរច្រើនហើយ!"។
(អាហារពេលល្ងាចជុំគ្នា)
ក្រោយពេលដែលបង្រៀនចប់រយៈពេល២ម៉ោងហើយ ពិសាល ក៏ដល់ពេលល្មមនឹងចេញទៅផ្ទះវិញ។ ប៉ុន្តែ ជេកសិន ក៏ឃាត់គេឲ្យនៅទទួលទានអាហារពេលល្ងាចជាមួយគ្នាសិន។ មិនថាយ៉ាងណា ឪពុកកូនរបស់គេមួយគូនេះ ពិតជាស្អិតរមួត ស្និទ្ធិស្នាលនិងគ្នាមែនទែន ជេកសិន បារម្ភនិងមើលថែទាំដល់នួងណាស់។ គេដួសម្ហូបឆ្ងាញ់ៗដាក់ចានរបស់នាង " នេះ! ញ៉ាំឲ្យច្រើនទៅណា៎ ឆាប់ធំ! នែក ចាំប៉ាដួសឲ្យ" ជេកសិន ដួសសម្លដាក់ចានរបស់នួង មានទាំងគ្រឿងសមុទ្រនិងសាច់ទៀតផង។ ពិសាល ឃើញបែបនេះក៏សួរទៅជេកសិន៖ " លោកគ្រូមិនខ្លាចគេពុលអាហារក្លាយរបួសទៀតទេ?"។ ជេកសិនតប៖ " លោកគ្រូពិនិត្យអស់ហើយ! ឲ្យនួងញ៉ាំតែអាហារណាដែលមិនប៉ះពាល់ដល់មុខរបួសគេប៉ុណ្ណោះ"។ ពិតមែនហើយ! ជាឌុកទ័ររាប់ឆ្នាំទៅហើយ គេប្រាកដជាដឹងអាហារណាដែលល្អដល់អ្នកជម្ងឺនិងមិនល្អដល់អ្នកជម្ងឺមិនតិចទេ។
ជេកសិន ដួសយកពងមាន់ខ្វៃ ហើយចាក់និងសមបញ្ចុកទៅនួង៖ " ញ៉ាំអានេះទៅ នួង! ឆ្ងាញ់ណាស់!"។ ឃើញកាយវិការបែបនេះ ពិសាល ញ៉ាំលែងចូលហើយ។ គេចាប់ផ្តើមមានអារម្មណ៍ថាធុញ ធុញនិងតថភាពដែលគេកំពុងឃើញ។ បុរសក្រលែកមើលទៅក្នុងចានខ្លួនដោយគ្មានអារម្មណ៍ ស្រាប់តែភ្លាមនោះពងមាន់ពណ៌លឿងទុំខ្ទីទន់ បានបញ្ចុកចូលទៅក្នុងមាត់របស់គេដែរ " ឯងក៏ត្រូវញ៉ាំដូចគ្នាណា៎ ឲ្យឆាប់ធំ" ជេកសិន បញ្ចុកពិសាល។ អារម្មណ៍ច្រណែនរបស់គេភ្លាមនោះស្រាប់តែរសាត់ចេញអស់។ ត្រឹមការយកចិត្តទុកដាក់បន្តិចពីគ្រូរបស់គេ ធ្វើឲ្យគេរំជួយចិត្តញញឹមបិទមាត់មិនជិត។ ហើយអាហារពេលល្ងាចលើកនោះ ក៏ក្លាយទៅជាពេលវេលាទទួលទានអាហារដ៏មានសេចក្តីសុខក្នុងចិត្ត។
(ត្រលប់មកផ្ទះដោយជិះឡានជាមួយលោកគ្រូ)
ក្រោយពីការញ៉ាំបាយហើយ ពិសាល ក៏ត្រូវទៅវិញដោយមាន ជេកសិន ជាអ្នកបើកឡានជូនគេទៅ។ នៅតាមផ្លូវ ជេកសិន ក៏និយាយទៅកាន់ពិសាល៖
ជេកសិន៖ " ពិសាល ឆ្នាំនេះឯងអាយុប៉ុន្មានហើយ?"
ពិសាល៖ " 21 ហើយលោកគ្រូ"
ជេកសិន៖ " 21 ។ ថ្ងៃក្រោយទៅគ្រូប្រហែលជាត្រូវពឹងឯងឲ្យជួយមើលថែកូនស្រីរបស់គ្រូហើយ។ បើគ្រូមិននៅ ជួយមើលៗថែនាងឲ្យគ្រូផង"
ពិសាល៖ " តើលោកគ្រូនឹងទៅណាមែនទេ?"
ជេកសិន សើច ហើយតប៖ " អត់ទេ! គ្រូមិនទៅណាទេ គ្រូគ្រាន់តែនិយាយទុកមុនតើ។ វាសនាមនុស្សយើងមើលមិនឃើញទេ «ជួបគ្នាជានិស្ស័យ នៅជាមួយគ្នាបានយូរប៉ុណ្ណា វាជាព្រហ្មលិខិត»"។
យានយន្តក៏បើកមកដល់មុខផ្ទះពិសាល។ នេះជាលើកទីមួយហើយ ដែលជេកសិនជូនពិសាលមកផ្ទះ។ គេក៏ភ្ញាក់ផ្អើលដូចគ្នា ពេលដែលឃើញផ្ទះរបស់ពិសាល ធំស្កឹមស្កៃ និងមានផ្ទៃក្រឡាយ៉ាងធំដូចជាសណ្ឋាគារទៅហើយ។ ភូមិគ្រឹស្ត សែម សុគន្ធ ពិតជាធំមែន តើនរណាមិនលាន់មាត់ទៅ? ជេកសិន សួរទៅពិសាលដោយការភ្ញាក់ផ្អើល៖ " នេះជាផ្ទះរបស់ឯងមែនទេ ពិសាល?"។ «បាទ» ពិសាលឆ្លើយតប។ ជេកសិន បែរទៅនិយាយជាមួយពិសាលវិញទាំងសម្លេងភ្ធាក់ផ្អើល៖ " ផ្ទះរបស់ឯងធំដូចជាវាំងអញ្ចឹងនៀក៎ ប្រាកដជាធ្វើអស់លុយមិនតិចទេ! តើមានមនុស្សប៉ុន្មាននាក់ស្នាក់នៅក្នុងនោះ?"។ ពិសាល៖ " មិនលើសពីដប់នាក់ទេលោកគ្រូ! ព្រោះពេលខ្លះ លោកប៉ាអ្នកប៉ាក់គាត់ចេញទៅក្រៅប្រទេស។ ចំណែកឯអ្នកបម្រើ និងអ្នកមើលថែផ្ទះក៏មិនសូវច្រើនដែរ"។ ជេកសិន សម្លឹងមើលទៅពិសាល ហើយញញឹម។ គេមិនសូវដឹងប៉ុន្មានទេថាវាមានអត្ថន័យយ៉ាងម៉េច? ប៉ុន្តែ ពិសាល វិញ គេរវល់តែមើលមុខគ្រូរបស់គេញញឹមដាក់គេ ភ្លេចគិតទៅថាដល់ផ្ទះខ្លួនទៅហើយ។ ស្នាមញញឹមរបស់ជេកសិនស្រស់បំព្រងធ្វើឲ្យមនុស្សជុំវិញខ្លួនឈ្លក់វង្វេងអស់ហើយ។ កែវភ្នែករបស់នរៈនៅតែសម្លឹងមិនដាក់ទៅកាន់វង់ភក្ត្រ័ដ៏ស្រស់ផូផង់មួយនោះ ក្នុងចិត្តរបស់គេនៅតែទន្ទេញ ហេតុអីក៏លោកគ្រូស្អាតម្ល៉េះ? ស្នាមញញឹមក៏រំលេចឡើងនៅលើថ្ពាល់របស់កម្លោះកូនអ្នកមានរូបសង្ហារម្នាក់នេះ។ តែវាមិនមែនអ្វីដែល ជេកសិន កំពុងគិតឡើយ។ គេកំពុងគិតថា ហេតុអីបានជាពិសាលមិនព្រមចុះពីលើឡានសោះអញ្ចឹង? ខណៈពេលដែលមានអារម្មណ៍ថាចម្លែកនេះ អូសបន្លាយយ៉ាងយូរ។ កម្លោះវ័យ21ម្នាក់នេះ ក៏នៅតែមិនទាន់ចុះពីលើឡាន តើគេកំពុងគិតអីហ្នឹង? ពេលនេះជាពេលដែលជេកសិនត្រូវធ្វើសកម្មភាពមុនទៀតហើយមែនទេ? ហេតុអីពិសាលជាមនុស្សតាមស្អិតបេះមិនចេញបែបនេះ? លោកប្រុសតូចសែម ពិសាលអើយ! យល់អារម្មណ៍ខ្ញុំផង។ ជេកសិន ក៏ឈោងទៅរកពិសាលជាលើកទីពីរ ពិសាល គិតថា គេប្រហែលជាមកដោះខ្សែក្រវ៉ាត់ឲ្យខ្លួនទៀតហើយ។ នោះនាយក៏ប្រញ៉ាប់និយាយ៖ " លោកគ្រូមិនបាច់ទេ! ខ្ញុំអាចដោះវាដោយខ្លួនឯងបាន"។ ជេកសិន ក៏បែរសម្លឹងទៅមុខពិសាលទាំងឆ្ងល់ មុខរបស់ពួកគេស្ទើរតែប៉ះគ្នាទៅហើយ។ មុខដ៏ស្រស់ស្អាតរបស់ជេកសិន ប៉ះជាមួយនិងមុខដ៏គួរឲ្យស្រលាញ់បែបអាស៊ីរបស់ពិសាល ធ្វើឲ្យពួកគេមានអារម្មណ៍ថា ចម្លែក។ ជេកសិន ក៏និយាយ៖ " គ្រូបើកទ្វារឡាន ព្រោះឯងមកដល់ផ្ទះហើយ!"។ ថ្ពាល់របស់ពិសាលប្រែពណ៌ក្រហមទុំពេលដឹងថាខ្លួនយល់ខុសទៀតហើយ។ នាយក៏ឱនមុខចុះ អរគុណជេកសិនដែលជូនគេមក ហើយចុះទៅ។ ស្រាប់តែបានមួយភ្លែត ជេកសិន ក៏ចុះមកដែរ។ " ពិសាល ឈប់សិន! ហេតុអីបានជាឯងធ្វើខ្លួនចម្លែកម្ល៉េះមួយរយៈនេះ?" ជេកសិន និយាយទៅ ពិសាល។ ពាក្យនេះរឹតតែធ្វើឲ្យពិសាលចម្លែកក្នុងចិត្តឆ្លើយមិនរួចថែមទៀតហើយ តើគេចម្លែករឿងអីទៅ? ជេកសិន ក៏ហុចទូរសព័្ទឲ្យពិសាល រួចនិយាយ៖ " ឯងមិនដែលភ្លេចភ្លាំងច្រើនបែបនេះទេកាលពីមុន ឯងហ្មតចត់ណាស់។ នេះ ទូរសព្ទ័ឯង!"។ ពិសាលទទួលយកទាំងអោនលំទោន។ " គ្រូទៅវិញហើយ!" ថាហើយ ជេកសិន ក៏ឡើងឡានចេញទៅ។
Anastasia (ជួបគ្នាជាមួយមិត្តចាស់)
នៅពេលដែលជេកសិនបើកឡានត្រលប់មកវិញ ទូរស័ព្ទគេស្រាប់តែរបស់គេរោទិ៍ឡើង ដោយមានលេខដែលមិនស្គាល់មួយតេមក។ បុរសមានការចម្លែកក្នុងចិត្ត ប៉ុន្តែគេក៏សម្រេចចិត្តលើកលេខនោះដដែល។ លេខដែលខលមក បានហៅគេឲ្យទៅជួបនៅកន្លែងមួយ។ ជេកសិន ដឹងច្បាស់ណាស់ថាគេគឺជាអ្នកណា នរៈក៏សម្រេចទៅជួបនិងគេតាមការណាត់។ នៅទីធ្លាមណ្ឌលកម្សាន្តមួយដ៏ស្ងាត់ មិនមាននរណាម្នាក់នៅឡើយ មានតែមនុស្សស្រីម្នាក់ស្លៀកពាក់អាវធំវែងពណ៌ខ្មៅ និងមានពាក់មួកបាំងពាក់កណ្តាលមុខរបស់នាង។ នាងកាន់ឆ័ត្រមួយពណ៌ខ្មៅច្រត់និងដី។ គ្រាន់តែជេកសិនមកដល់ភ្លាម នាងក៏បានទទួលអារម្មណ៍ដឹងមុនទៅហើយ។ នារីក៏សួរទៅកាន់ជេកសិន៖ " ខាងជួបគ្នាយូរហើយ!"។ ជេកសិន ឆ្លើយតបទៅវិញទាំងគំរោះគំរើយ៖ " តើនាងរកខ្ញុំឃើញដោយរបៀបណា? ហើយហេតុអីបានជានាងមកទីនេះ?"។ នារី៖ " ពួកយើងត្រូវការឲ្យលោកត្រលប់ទៅវិញ" នារីបែរមុខមករក ជេកសិន ។ ស្បែករបស់នាងសស្លេក បបូរមាត់លាបពណ៌ក្រហម ចិញ្ចើមកោងក្រាស់ កែវភ្នែកធំៗ ច្រមុះស្រួចតូចស្មើរ ប៉ុន្តែទឹកមុខរបស់នាងស្មើធេងគ្មានបង្ហាញអារម្មណ៍អ្វីទាំងអស់។ នារីនិយាយទៅបុរសក្នុងសម្លេងមួយៗនិងច្បាស់៖ " អង្គការត្រូវការឲ្យលោកទៅវិញ លោកដឹងហើយបើសិនជាលោកប្រកែក ថានឹងមានរឿងអ្វីកើតឡើងខ្លះ"។ ជេកសិន គិតបន្តិច គេដកដង្ហើមធំហើយបែរទៅនិយាយជាមួយនារីវិញ៖ " អាណាតាសៀ ខ្ញុំមិនត្រលប់ទៅវិញនោះទេ! ខ្ញុំមិនចង់ធ្វើជាសត្វចិញ្ចឹមរបស់អង្គការទៀតទេ!"។ នារីតបដោយមិនរង្គើអារម្មណ៍៖ " លោកគ្មានជម្រើសទេ"។ ដោយអត្តចរិតដ៏សោះអង្គើយរបស់នាង នាងបែរខ្លួនដើរចេញទៅ ប៉ុន្តែបុរសក៏ស្រែកមកឃាត់៖ " អាណាតាសៀ! ឈប់សិន។" នារីនៅតែមិនបែរត្រលប់មកវិញតែនាងនៅស្ងៀមត្រង់ត្រចៀកស្តាប់។ ជេកសិន បន្ត៖ " តើមានវិធីអីអាចឲ្យខ្ញុំគេចបានទេ?"។ នារីតបដោយសម្លេងស្មើរ៖ " បើពួកគេចង់បានអ្វី ពួកគេនឹងយកឲ្យបាន។ លោកអាចគេចបាន តែលោកមិនគេចអស់ពេញមួយជីវិតនោះទេ។ បើលោកធ្វើបែបនេះ អ្នកដែលនៅជុំវិញខ្លួនរបស់លោកនឹងពិបាក។ ខ្ញុំជឿថា លោកមិនចង់ឲ្យវាក្លាយជាបែបនេះទេ មែនទេ?"។ ជេកសិន គ្រវីក្បាល គេមិនអាចឲ្យរឿងអាក្រក់បែបនោះកើតឡើងទៅលើមនុស្សនៅក្បែរខ្លួនគេនោះទេ ជាពិសេសកូនស្រីរបស់គេ។ ជេកសិន " សៀ នាងជាមនុស្សដែលនៅជិតឌុកទ័រ Klein ជាងគេ។ តើមានវិធីណាឲ្យយើងរួចផុតពីការគ្រប់គ្រងរបស់អង្គការបានទេ?"។ នារីនៅស្ងៀម ឈរយ៉ាងស្ងប់ស្ងាត់អស់មួយសន្ទុះ រួចទើបនិយាយ៖ " មាន ប៉ុន្តែលោកនឹងត្រូវពិបាកបន្តិចហើយ"។ អ្នកទាំងពីរក៏នៅបន្តពិភាក្សាគ្នាពីកិច្ចការជាច្រើនអស់ជាច្រើនម៉ោងទម្រាំតែចប់។
(ប៉ាមកវិញហើយ)ពេលដែលជេកសិនត្រលប់មកផ្ទះវិញ វាយប់ជ្រៅណាស់ទៅហើយ។ បុរសដើរចូលមក គេឃើញក្មេងស្រីនួងកំពុងគេងលក់នៅបន្ទប់ទទួលភ្ញៀវរង់ចាំគេត្រលប់មកវិញ។ បុរសដើរទៅមើលនាងតូច នាងកំពុងតែដេកឱបជង្គង់នៅលើសាឡុង។ ក្មេងស្រីដ៏គួរឲ្យស្រលាញ់ ហើយក៏គួរឲ្យអាណិតម្នាក់នេះ មានអត្តចរិតឆ្ងល់ច្រើនដូចជាឆ្មា តែស្មោះត្រង់ចំពោះម្ចាស់ដូចជាឆ្កែទៅវិញ។ នាងជឿទៅលើ ជេកសិន អស់ពីចិត្តរបស់នាង។ ជឿលើគ្រប់ពាក្យសន្យារបស់គេ ហើយរង់ចាំគេមិនថាយូរប៉ុណ្ណា នាងក៏នៅតែរង់ចាំ។ បុរសយកដៃអង្អែលក្បាលរបស់នាងដោយសេចក្តីអាណិតអាសូរ។ ទឹកភ្លែករបស់សុភាពបុរសក៏ស្រក់មក ជាមួយនិងពាក្យពេចន៍ចេញពីចិត្ត៖ " ឲ្យប៉ាសុំទោសណា នួង! ដែលប៉ាមិនអាចនៅក្បែរឯងបាន។ សុំទោសដែលប៉ាក្បត់ពាក្យសន្យាជាមួយឯង" បុរសឱនក្បាលទៅថើបលើ ថ្ងាសរបស់នាងតូច ស្រាប់តែពេលនោះស្ត្រីអ្នកបម្រើក៏ដើរមកឃើញ។ តែនាងក៏រត់ទៅពួននៅក្បែរជញ្ជាំងនោះ ចាំលបមើលសកម្មភាពរបស់ម្ចាស់ផ្ទះទាំងសង្ស័យ ហេតុអីឪពុកនិងកូនថើបគ្នាបែបនេះ? ចំណែកឯងជេកសិន គេមិនបានដឹងឡើយថាមានអ្នកចាំតាមដានសកម្មភាពរបស់ខ្លួន។ ជេកសិន លើកបីនួងឡើង ហើយនាំនាងចូលទៅក្នុងបន្ទប់គេង។ ចំណែកឯស្ត្រីមេផ្ទះដែលចាំលបមើលឯណេះវិញ បើកមាត់ចំហរធំៗភ្ញាក់ផ្អើល ដែលគិតថាទំនាក់ទំនងរវាងឪពុកកូនទាំងពីរនេះមិនមែនធម្មតាឡើយ។